ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានចាប់ផ្តើមធ្វើនៅព្រឹកថ្ងៃអាទិត្យ ទី២៥ កុម្ភៈ នេះ ដោយមានគណបក្សនយោបាយចំនួន៤ចូលរួម ប៉ុន្តែមិនមានគណបក្សប្រឆាំងចូលរួមនោះទេ។ ចាប់តាំងពីបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៩ ព្រឹទ្ធសភាកម្ពុជា គឺជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ តើព្រឹទ្ធសភាមានប្រវត្តិយ៉ាងដូចម្តេច?
ព្រឹទ្ធសភាកម្ពុជាត្រូវបានបង្កើតឡើងដំបូង នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ១៩៩៩ បន្ទាប់ពីមានកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយដ៏តានតឹងមួយ ដែលបានអូសបន្លាយរយៈពេលជាង១ឆ្នាំ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ កាលណោះ ព្រឹទ្ធសភានីតិកាលទី១ មានអាណត្តិ៥ឆ្នាំ និងមានសមាជិកសរុបចំនួន៦១រូប។ សមាជិកព្រឹទ្ធសភា កាលណោះ កើតចេញដោយការចាត់តាំងពីព្រះមហាក្សត្រចំនួន២រូប ហើយនៅសល់ពីនោះ គឺត្រូវជ្រើសតាំងចេញពីគណបក្សនយោបាយ ដែលមានសម្លេងនៅក្នុងរដ្ឋសភា ដោយផ្អែកទៅលើចំនួនសមាជិករដ្ឋសភានៃគណបក្សនយោបាយនីមួយ។ កាលណោះ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាមានចំនួន៣១រូប គណបក្សហ្វ៊ុនស៊ិនប៉ិចមានចំនួន២១រូប និងគណបក្សសមរង្ស៊ីមានចំនួន៧រូប។
លុះក្រោយមក គឺនៅឆ្នាំ២០០៦ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាតាមបែបអសកលលើកដំបូង ត្រូវបានធ្វើឡើង ដោយក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន៥៧រូប ត្រូវកើតចេញពីការបោះឆ្នោតតាមបែបអសកល និងសមាជិក២រូបទៀត កើតចេញពីការចាត់តាំងពីព្រះមហាក្សត្រ និង២រូបទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។ ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី២ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី ២៥ មករា ឆ្នាំ ២០០៦ ដោយគណបក្សប្រជាជនកម្ពុជាទទួលបាន៤៥រូប គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន១០រូប និងគណបក្សសមរង្ស៊ីទទួលបានសមាជិកព្រឹទ្ធសភាចំនួន២រូប។ ក្រោយមកទៀត ពោលគឺនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១២ ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៣ មានតែគណបក្សនយោបាយចំនួនពីរប៉ុណ្ណោះ ដែលមានអាសនៈនៅក្នុងព្រឹទ្ធសភា គឺគណបក្សប្រជាជនកម្ពុជាមាន៤៦រូប និងគណបក្សសមរង្ស៊ី មានចំនួន១១រូប ខណៈ៤រូបទៀតចាត់តាំងដោយព្រះមហាក្សត្រ និងជ្រើសតាំងចេញពីសមាជិករដ្ឋសភា។
គួរជំរាបជូនថា នៅថ្ងៃអាទិត្យ ទី២៥ កុម្ភៈនេះ គឺជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលមានគណបក្សនយោបាយចំនួន៤ចូលរួម តែមិនមានគណបក្សប្រឆាំងនោះទេ។ ការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភានៅថ្ងៃនេះ ត្រូវបានចែកចេញជា៨មណ្ឌល ស្មើនឹង៣៣ការិយាល័យ។ ហើយអាសនៈដែលត្រូវបោះឆ្នោតជ្រើសនៅថ្ងៃនេះ មានចំនួន ៥៨អាសនៈ ខណៈ៤អាសនៈផ្សេងទៀត ជ្រើសតាំងដោយព្រះមហាក្សត្រ២រូប គឺសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរណុរស្មី និងលោកស្រី អ៊ុំ សូម៉ានីន និង២អាសនៈទៀត ត្រូវជ្រើសតាំងដោយសមាជិករដ្ឋសភាសំឡេងភាគច្រើន។ មាត្រា១១២ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភានិងរដ្ឋាភិបាល។ មាត្រា ១១៣ថ្មី ក៏បានចែងដែរថា ព្រឹទ្ធសភាមានតួនាទីក្នុងការពិនិត្យ និងឲ្យយោបល់ក្នុងរយៈពេល១ខែយ៉ាងយូរ លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័ត យល់ព្រមលើកដំបូងរួចហើយ។
គួរកត់សំគាល់ដែរថា អស់រយៈពេល២០ឆ្នាំមកហើយ ដែលព្រឹទ្ធសភាជាស្ថាប័នកំពូលនៃនីតិប្បញ្ញត្តិ បានដើរតួនាទីជាអ្នកត្រួតពិនិត្យច្បាប់ បន្ទាប់ពីរដ្ឋសភាបានអនុម័តរួចហើយ។ ក៏ប៉ុន្តែ គេកម្រឃើញណាស់ថា ស្ថាប័នកំពូលមួយនេះ រុញច្បាប់ទាំងនោះ មកឲ្យស្ថាប័នរដ្ឋសភាដើម្បីអនុម័តជាលើកទី២៕
ប្រភពពី: វ៉ា សំណព្វ
Sunday, February 25, 2018
Home
/
Unlabelled
/
កាលពី២០ឆ្នាំមុន៖ ព្រឹទ្ធសភាកម្ពុជាត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា
កាលពី២០ឆ្នាំមុន៖ ព្រឹទ្ធសភាកម្ពុជាត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា
Subscribe to:
Post Comments (Atom)




No comments:
Post a Comment